លោក សាយ រ៉ាន្នី
ស្ថាបនិក និង នាយក
ជាកិច្ចចាប់ផ្តើមខ្ញុំបាទ សូមគោរព និងសូមស្វាគមន៍ សម្តេច ឯកឧត្តម លោក ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មាតា បិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលបានជឿជាក់ និងសម្រេចចិត្តជ្រើសរើសយកការ បណ្តុះបណ្តាលប្រកបដោយគុណភាពអប់រំខ្ពស់ និងទាន់ សម័យបច្ចេកវិទ្យាឌីជីថល (Digital) របស់ សាលារៀន ប៊ី អ៉ិចស្ពឺត ដើម្បីសម្រេចគោលបំណងរបស់ខ្លួនទៅថ្ងៃអនាគត និង មានលទ្ធភាពចូលរួមអភិវឌ្ឍសង្គមជាតិយើង ។
សលារៀនប៊ី អ៉ិចស្ពឺត បានបង្កើតឡើងក្នុងគោលបំណង រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបង្កើនធនធានមនុស្សប្រកបដោយ គុណភាព ប្រសិទ្ធភាព វិន័យ សីលធម៌ និង មនសិការ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រី និងជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើម ដែលធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សាលាបាន និងកំពុងបណ្តុះបណ្តាល លើ កម្មវិធីសិក្សា ធំៗ ចំនួន ៥ គឺ៖
១ - ចំណេះទូទៅភាសាខ្មែរ (កម្មវិធីជាតិ) កម្រិត មត្តេយ្យសិក្សា និង បឋម ( ថ្នាក់ទី១ - ទី ៦ )
២ - ភាសាអង់គ្លេសទូទៅ ដែលមាន ៣ កម្រិតធំៗ ៖
កម្រិតទី ១ ៖ ភាសាអង់គ្លេសសម្រាប់កុមារតូច និង សិស្សបឋមសិក្សា
កម្រិតទី ២ ៖ ភាសាអង់គ្លេសសម្រាប់សិក្សា អនុវិទ្យាល័យ
កម្រិតទី ៣ ៖ ភាសាអង់គ្លេសសម្រាប់សិស្សវិទ្យាល័យ
៣ - វគ្គបណ្តុះបណ្តាលកុំព្យូទ័រ និង អ៉ិនធ័រណែត
៤ - វគ្គបណ្តុះបណ្តាលជំនាញ គ្រូបង្រៀនវ័យក្មេង YT (Young Teacher Training Program)
៥ - វគ្គបណ្តុះបណ្តាលជំនាញ អ្នកគ្រប់គ្រងវ័យក្មេង YM (Young Manager Training Program)
និងបានបញ្ចូលកម្មវិធីសិក្សាបន្ថែមធំៗ ទាំង ៨ រួមមាន៖
១.បង្កើនចំណេះដឹងផ្នែក ផ្នត់គំនិត ស្មារតី និង ចរិតលក្ខណៈ
២.ពង្រឹងវិន័យ សាមគ្គីភាព មនសិការជាតិ
៣.ទស្សនកិច្ចសិក្សា
៤.សិក្សាតាមទូរទស្សន៍ ភាពយន្ត ជាតិ និង អន្តរជាតិ
៥.ប្រកួតប្រជែងសំណេរ និង និយាយ ភាសាអង់គ្លេស
៦.ប្រកួតប្រជែងរំា ច្រៀង និង សំដែង
៧.ប្រកួតប្រជែងទេព្យកោសល្យ
៨ .កីឡា
ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស សាលាក៏បានរៀបចំបន្ថែមនូវ៖
១ - កម្មវិធីប្រលងប្រចាំខែ ត្រីមាស និង ឆមាស សម្រាប់ឱ្យសិស្សអាចធ្វើស្វ័យប្រវត្តិ
២ - បណ្ណាល័យធំទូលាយ សម្រាប់ឱ្យសិស្សធ្វើការស្រាវជ្រាវនូវរាល់ឯកសារ និង សៀវភៅថ្មីៗយ៉ាងសម្បូរបែប។
៣ - បន្ទប់កំព្យូទ័រ សម្រាប់ការងារសិក្សាស្រាវជ្រាវ តាមប្រព័ន្ធអ៉ិនធ័រណែត ។
៤ - កម្មវិធីសិក្សាគ្រប់មុខវិជ្ជា ត្រូវបានអនុវត្តតាមគោលការណ៍ស្តង់ដារតែមួយ (B-Expert Standard) នៅគ្រប់ទីតាំងរបស់ ប៊ី អ៉ិចស្ពឺត ទាំងកាលវិភាគសិក្សា មេរៀន រយៈពេលសិក្សា ថ្ងៃចាប់ផ្តើម ថ្ងៃប្រឡង និងថ្ងៃបញ្ចប់។
តាងនាមគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន ប៊ី អ៉ិចស្ពឺត យើងបានប្តេជ្ញាចិត្តខិតខំរៀបចំកម្មវិធីសិក្សាទំនើបៗបន្ថែមទៀត ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំ ទាំងផ្នែកបញ្ញាស្មារតី ចំណេះ ដឹងទូទៅ ភាសាអង់គ្លេស កុំព្យូទ័រ និងជំនាញ ដែលឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យានាយុគសម័យ “បដិវត្តន៍ឧស្សាហកម្មទី៤” និង បណ្តុះបណ្តាលស្មារតី សិស្សឱ្យមានមនសិការជាតិ សីលធម៌សង្គម ស្គាល់អត្តសញ្ញាណរបស់ខ្លួន ចេះស្រឡាញ់ ជាតិមាតុភូមិ ស្គាល់ពី តម្លៃវប្បធម៌ អរិយធម៌ គោរពច្បាប់រដ្ឋ គោរពបទបញ្ជាផ្ទៃក្នុង របស់សាលា ចេះសាមគ្គីគ្នា ដោយមិនប្រកាន់ជាតិសាសន៍ ឋានៈ តួនាទី ជាពិសេស ទំនាក់ទំនងល្អរវាងសាលា គ្រួសារ និង សង្គម។
យើងខ្ញុំរង់ចាំស្វាគមន៍ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ដោយក្តីសោមនស្សរីករាយជានិច្ច។
សូមគោរពជូនពរសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។